អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការរបស់ខ្លួន ដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍

      នារសៀលថ្ងៃចន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, តំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៤០ អង្គភាព ដែលបាននិងកំពុងធ្វើការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺទី១- ដើម្បីផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី២- ពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការជាមួយគ្នាក្នុងកិច្ចដំណើរការក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.បានគូសបញ្ជាក់ថា ជាទិសដៅការងារទៅមុខ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១- ការកែទម្រង់ប្រព័ន្ធតុលាការដោយផ្តោតលើគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស និងផ្តោតលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ និងសសរស្តម្ភទី២- ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកិច្ចការអាទិភាពមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ និងជាការបោះជំហានថ្មីមួយក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា។ ក្រោយពីបានស្តាប់បទបង្ហាញលើប្រធានបទចំនួន ២ (ទី១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(ទី២)- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ក្រុមគោលដៅជាក្រុមជនជាតិដើមភាគតិច និងក្រុមអ្នករស់នៅតំបន់ដាច់ស្រយាល, អង្គប្រជុំក៏មានវេទិកាពិភាក្សាបើកទូលាយ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមអាចលើកទ្បើងអំពីសំណួរ សំណូមពរ មតិយោបល់ និងការយល់ឃើញជុំវិញកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ តាមរយៈកិច្ចសន្ទនាដោយបើកទូលាយខាងលើ ជារួមតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍បានសម្តែងនូវការសាទរ និងការគាំទ្រដល់ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបង្ហាញនូវ ឆន្ទៈក្នុងការចូលរួមសហការជាមួយស្ថាប័នថ្មីនេះ ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ជាចុងក្រោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានចាត់ទុក អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាដៃគូសហការដ៏សំខាន់មួយរបស់ អ.ដ.ក. ហើយការចូលរួមរបស់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងកិច្ចប្រជុំនេះ ពិតជាបង្ហាញឱ្យឃើញពីការគំាទ្រដ៏មានសារសំខាន់ដល់កិច្ចដំណើរការរបស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាននូវបេសកកម្មចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ