អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល

-----------------------

សាលាខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥,​ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល,​ មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទនៃ​ អ.ដ.ក.​ បានចុះដល់មូលដ្ឋានខេត្តកណ្តាល​ ដេីម្បីពិនិត្យ​ និងរៀបចំចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​លេីករណីវិវាទចំនួន​ ២​ តាមការស្នេីសុំរបស់រដ្ឋបាលខេត្តកណ្តាល​ ដោយអនុវត្តស្របតាម​ស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា​ ដែលបានចុះហត្ថលេខារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល​ កាលពីពេលថ្មីៗ​ កន្លងទៅនេះ។

​នៅក្នុងឱកាសនៃការប្រគល់កំណត់ហេតុព្រមព្រៀងបញ្ចប់​វិវាទជូនដល់គូភាគី​វិវាទ,​ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានលើកទ្បើងថា ការចេញកំណត់ហេតុព្រមព្រមព្រៀងបញ្ចប់វិវាទនេះ គឺកើតចេញពីការសហការរវាង រដ្ឋបាលខេត្តកណ្តាល និង អ.ដ.ក. ដើម្បីដោះស្រាយបញ្ចប់វិវាទទាំងស្រុងនៅមូលដ្ឋាន ជៀសវាងការបន្តប្តឹងផ្តល់គ្នាទៅតុលាការ ដែលនេះ នឹងអាចកាត់បន្ថយចំនួនសំណុំរឿងនៅតាមតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៃ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. ក៏បានលើកទ្បើងថា ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ គឺជាជំហានដ៏ល្អថ្មីមួយទៀត ដែលកើតចេញពីការអនុវត្តនូវ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ សំដៅរួមគ្នាជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ដែលបានផ្តល់កិច្ចសហការ ការគាំទ្រ និងការចូលរួមជាមួយ អ.ដ.ក. ក្នុងការជំរុញ និងលើកកម្ពស់នូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល។

សូមបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និង រដ្ឋបាលខេត្តកណ្តាល, ក្រៅពីសំណុំរឿងទាំងពីរខាងលើដែលបានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរួចហើយ, អ.ដ.ក. ក៏កំពុងពិនិត្យ និងរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ស្របតាមនីតិវិធី លើករណីសំណុំរឿងវិវាទមួយចំនួនទៀត ដែលបានបញ្ជូនជាបន្តបន្ទាប់មកពីរដ្ឋបាលខេត្តកណ្តាល។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ