ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលេីកទី២​ នៃ​ អ.ដ.ក.​

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលេីកទី២​ នៃ​ អ.ដ.ក.​

=================

នៅរសៀលថ្ងៃចន្ទ​ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ​ (អ.ដ.ក.)​ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលេីកទី២​ នៃ​ អ.ដ.ក.​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយ​មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក.,​ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក. ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងសិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី​ ២ ដែលបានចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធ​ Zoom មានចំនួនសរុបប្រមាណជាង​ ៩០ រូប។

នៅមុនការចាប់ផ្តេីមកិច្ចប្រជុំ​,​ អង្គ​ប្រជុំ​ក៏បានធ្វេីការស្មិងស្មាធិ៍គោរពដល់ដួងវិញ្ញាណក្ខន្ធវីរ:កងទ័ពដែលបានពលីជីវិត​ក្នុងសមរភូមិ​ ដេីម្បីការពារបូរណភាពទឹកដី​ ប្រឆាំងនឹងការឈ្លានពានពីបរទេស។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. ក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយអំពីការិយាល័យតំណាង​ អ.ដ.ក​.​ ដែលទេីបត្រូវបានបង្កេីត​ និងដាក់ឱ្យដំណេីរការកាលពីថ្ងៃទី១​ ខែសីហា​ នេះ​ និងបានជម្រាបជូនអង្គប្រជុំនូវបញ្ហាប្រឈម​មួយចំនួនផងដែរ។ បន្ទាប់មក​ កិច្ចប្រជុំ​ក៏បាន​ដំណេីរការ​ ដោយមានការចូលរួមពិភាក្សា​លេីវឌ្ឍនភាពការងារ​ បញ្ហាប្រឈម​ និងមានការផ្តល់ជាយោបល់​ និងចែករំលែកបទពិសោធ​លេីការដោះស្រាយវិវាទ​ ដោយ​ថ្នាក់​ដឹកនាំ​ និងសមាជិកនៃ​ អ.ដ.ក.​ និងមន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទផងដែរ។

មុននឹងបញ្ចប់កិច្ចប្រជុំ​ ឯកឧត្តម​បណ្ឌិតប្រធានអង្គប្រជុំ​ ក៏បានផ្តល់អនុសាសន៍ណែនាំដល់អគ្គលេខាធិការដ្ឋាន​ និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឱ្យបន្តយកចិត្តទុកដាក់ក្នុងការរក្សា និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ​យន្តការរបស់ អ.ដ.ក. ដោយត្រូវផ្តោតសំខាន់លេីកិច្ចការចំនួន​ ៣​ គឺ​៖

ទី១​៖​ បន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងឆាប់រហ័ស និងការរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទឱ្យបានត្រឹមត្រូវ​តាមច្បាប់​ ធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត។

ទី២៖ មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ ត្រូវ​បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌​ និងអនុវត្តការងារ​ប្រកបដោយវិជ្ជាជីវៈខ្ពស់​ សំដៅរក្សាឱ្យបាននូវគុណតម្លៃនៃ​ អ.ដ.ក.​។

ទី៣៖ ប្រធានការិយាល័យតំណាង​ អ.ដ.ក.​ ប្រចាំខេត្តទាំង​ ៤​ នៅភូមិភាគឦសាន្តត្រូវយកចិត្តទុកដាក់ខ្ពស់លេីការផ្តល់សេវា​ដោះស្រាយវិវាទ​ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ ឱ្យបានត្រឹមត្រូវ​ និងប្រកបដោយប្រសិទ្ធភាព​ ដោយអនុវត្តតួនាទី-ភារកិច្ច​របស់ខ្លួនស្របតាម​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះ,​ ឯកឧត្ដម​បណ្ឌិត​ ជិន​ ម៉ាលីន​ ក៏បានផ្តល់កិត្តិយសប្រគល់នូវវិញ្ញាបនបត្រដល់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោល ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ របស់អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ