លទ្ធផល និងសកម្មភាពការងារសំខាន់ៗ របស់ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តទាំង៤ នៅភូមិភាគឦសាន ក្រោយដាក់ឱ្យដំណើរការរយៈពេល ៥០ ថ្ងៃ

លទ្ធផល និងសកម្មភាពការងារសំខាន់ៗ របស់ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តទាំង៤ នៅភូមិភាគឦសាន ក្រោយដាក់ឱ្យដំណើរការរយៈពេល ៥០ ថ្ងៃ

=========

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដាក់ឱ្យដំណើរការនូវការិយាល័យតំណាង អ.ដ.ក. ប្រចាំនៅខេត្តភូមិភាគឦសាន​ ទាំង៤ រួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥​ ។

គិតមកដល់ថ្ងៃទី២០​ ខែកញ្ញា​ នេះ​ គឺមានរយៈពេល ៥០ ថ្ងៃ​ ដែលការិយាល័យតំណាង អ.ដ.ក. បានដំណេីរការ។ តើក្នុងរយៈពេល ៥០ថ្ងៃ នេះ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តភូមិភាគឦសាន សម្រេចបានលទ្ធផលសំខាន់ៗ​ អ្វីខ្លះ?

១- ចំណាត់ការសំណុំរឿង ៖ ការិយាល័យតំណាងទាំង​ ៤ បានទទួលសំណុំរឿងសរុបចំនួន ១០២ ករណី ដោយក្នុងនោះ ខេត្តក្រចេះមានចំនួន ១១ករណី, ខេត្តស្ទឹងត្រែង​ មានចំនួន ១៧ករណី, ខេត្តរតនគិរី​ មានចំនួន ៣២ករណី និងខេត្តមណ្ឌលគិរី​ មានចំនួន ៤២ករណី។ សំណុំរឿង​ចំនួន​ ១០​ ត្រូវបានដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ហេីយសំណុំរឿង​មួយចំនួនទៀត​ កំពុងត្រូវបានបន្តដោះស្រាយ​ ដោយប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តទាំង​ ៤ ទាំងការដោះស្រាយដោយផ្ទាល់នៅការិយាល័យ​ និងចុះដោះស្រាយដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។

២- ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន​ :​ ក្នុងក្របខ័ណ្ឌ​នៃកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន​ និងអង្គការដែលជាដៃគូ​ រួមមាន​ អង្គការ​ Oxfam, UNDP​ និងអង្គការ​នារីដេីម្បីសន្តិភាព,​ អ.ដ.ក.​ តាមរយ:​ការិយាល័យតំណាង​របស់ខ្លួន​ បាននិងកំពុងរៀបចំជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធនៅតាមខេត្តគោលដៅទាំង​ ៤។ ជាក់ស្តែង​ កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗ​នេះ អ.ដ.ក. បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងអង្គការអុកស្វាមប្រចាំកម្ពុជា បាន​រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង​ ប្រមាណជា​ ៥០​ រូប។

៣-​ អ.ដ.ក. ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន​ និងអង្គការជាដៃគូ​ បាននិងកំពុងបន្តជំរុញការផ្សព្វផ្សាយអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាដល់អាជ្ញាធរមូលដ្ឋាន, អាជ្ញាធរប្រពៃណី និងប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដល់ការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ និងធានានូវភាពសុខដុមរមនាក្នុងសហគមន៍។

សូមបញ្ជាក់ផងដែរថា​ ការិយាល័យ​តំណាង​ អ.ដ.ក.​ ដេីរតួនាទីជាបណ្តាញការងាររបស់ អ.ដ.ក. និងមានសមត្ថកិច្ចសំខាន់​ ៗ ចំនួន ៣ គឺ (ទី១)- ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលស្នើសុំផ្សះផ្សាវិវាទ, (ទី២)- ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទ និង (ទី៣)- សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. និងបណ្តុះបណ្តាលជំនាញនៃការដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។

* លោកអ្នក អាចទំនាក់ទំនង៖

- ខេត្តក្រចេះ៖ ទីតាំងស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ លេខទំនាក់ទំនង៖ ០៧១ ៥៣៣ ៤៤៧៧។

- ខេត្តស្ទឹងត្រែង៖ ទីតាំងស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តក្រចេះ។ លេខទំនាក់ទំនង៖ ០៧១ ៦៣៣ ៤៤៧៧។

- ខេត្តរតនគិរី៖ ទីតាំងស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ លេខទំនាក់ទំនង៖ ០៧១ ៧៣៣ ៤៤៧៧។

- ខេត្តមណ្ឌលគិរី៖ ទីតាំងស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លេខទំនាក់ទំនង៖ ០៧១ ៨៣៣ ៤៤៧៧។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ