ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

----------------------------------------------------------------------------------------------------------------------

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១២ របស់​ អ.ដ.ក.​ ដែលកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក., ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី១២ នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២ គឺ៖

ទី១- វឌ្ឍនភាពការងាររបស់ អ.ដ.ក. ដែលសម្រេចបាន នៅចន្លោះកិច្ចប្រជុំលើកទី១១ និងលើកទី១២ នៃ អ.ដ.ក.។

ទី២- ពិនិត្យ និងសម្រេចលើការស្នើសុំផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី៣។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំ អ.ដ.ក. លើកទី១១ និងលើកទី១២, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនដូចតទៅ៖

១- មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ត្រូវបន្តខិតខំបំពេញការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ពោលគឺការគោរពឆន្ទៈព្រមព្រៀងរបស់គូភាគី។

២- អគ្គលេខាធិការដ្ឋានត្រូវសិក្សាអំពីការបង្កើតការិយាល័យតំណាងរបស់​ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

៣- ត្រូវបន្តផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. ជូនដល់សាធារណជន និងបន្តបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានអំពី​បច្ចេកទេស និងវិធីសាស្ត្រដោះស្រាយវិវាទ ក្នុងក្របខ័ណ្ឌ អ.ដ.ក.។

៤- ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញប្រសិទ្ធភាពនៃការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ

៥- ត្រូវបង្កើនផលិតភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានជាប្រចាំថ្ងៃ ខណៈដែលចំនួនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. ត្រូវបានបង្កើនទ្បើង។

៦- ត្រូវគិតគូររៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាបង្កើតវិជ្ជាជីវៈសន្ធានការីនៅកម្ពុជា ដោយអាចធ្វើក្រោមកិច្ចសហការជាមួយស្ថាប័នជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៧- អគ្គលេខាធិការដ្ឋានត្រូវគិតគូររៀបចំផែនការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត នៃ អ.ដ.ក. ១ ជំនាន់ថែមទៀត។

ទន្ទឹមគ្នានេះ កិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក. បានសម្រេចផ្តល់នីតិសម្បទាជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយ​វិវាទជំនាន់ទី​ ៣ ចំនួន ៣៩ រូប ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំចំនួន ៤០ រូប ដែលបានបំពេញគ្រប់តាមលក្ខខណ្ឌគុណវុឌ្ឍិកំណត់ ស្របតាមច្បាប់ ដើម្បីចូលរួមជួយរំលត់វិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. និងអនុវត្តគម្រោងសំខាន់ៗ របស់ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល