នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលបានចុះរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។








នៅក្នុងកិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ ដែលសុទ្ធសឹងតែជាតួអង្គសំខាន់ៗនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបប្រមាណជាជាង ២០០ រូប។
កិច្ចពិភាក្សានេះ មានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីយន្តការនៃការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ពិសេសយន្តការដោះស្រាយវិវាទដែលធ្វើឡើងដោយ អ.ដ.ក. ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា។