អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល
============







ខេត្តកណ្តាល៖ នាព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃរដ្ឋបាលក្រុងតៅខ្មៅ ក្រុងសំពៅពូន ស្រុកលើកដែក ស្រុកកោះធំ និងស្រុកស្អាង ក្នុងខេត្តកណ្ដាល។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង តំណាង ឯ.ឧ គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល, អភិបាលរងក្រុង ស្រុកទាំង ៥ និងដោយមានសិក្ខាកាមចូលរួមពី មន្ត្រីនៃអង្គភាពពាក់ព័ន្ធមកពីក្រុង ស្រុក ចំនួន៥ ក្នុងខេត្តកណ្តាល សរុបចំនួន ១១០ រូប។
សូមគូសបញ្ជាក់ថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី៤ ដែល អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល សម្រេចបានស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការពង្រឹងសមត្ថភាពមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស ដើម្បីភាពសុខដុមរមនាក្នុងសហគមន៍។